ការ​ប្រកាស​បើក​ជា​ផ្លូវការ មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា និង​ព័ត៌​មាន​ជីវ​ឧស្ម័ន​ខ្នាត​ធំ

អង្គការ​យូ​នី​ដូ​សហការ​ជា​មួយ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ ​​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា និង​ព័ត៌​មាន​ជីវៈ​​ឧស្ម័ន​ខ្នាត​​ធំ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃ​ទី8 ខែធ្នូ ឆ្នាំ​២០១៦។ ​មជ្ឈ​មណ្ឌល​នេះ​មាន​គោល​បំណង​កសាង​សមត្ថភាព​ជាតិ​លើ​បច្ចេក​ទេស និង​ចំណេះ​ធ្វើ​ ពី​បច្ចេក​វិទ្យា​ជីវៈ​ឧស្ម័ន​ខ្នាត​ធំ​ព្រម​ទាំង​បង្កើត​បណ្តាញ​ជា​មួយ​មជ្ឈមណ្ឌល​ជីវៈ​ឧស្ម័ន​នានា និង​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​តំបន់។ ជា​ពិសេស​វា​នឹង​រួម​ចំណែក​ដល់​ការ​ទាញ​យក​ជីវៈ​ឧស្ម័ន​ប្រកប​ដោយ​សក្តានុពល​មក​ប្រើ​ប្រាស់​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​វា​ជា​ប្រភព​ដែល​មិន​ទាន់​បាន​ទាញ​យក​មក​ប្រើប្រាស់ ជា​ប្រ​ភព​ថា​មពល​ស្អាត​ និង​ជា​ប្រភព​ថាមពល​សម្រាប់​ផ្គត់​ផ្គង់​អគ្គិសនី​តាម​ជន​បទ​ផង​ដែរ និង​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ មជ្ឈ​មណ្ឌល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោម​ក្រប​ខ័ណ្ឌ​នៃ​គម្រោង​"​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​រយៈ​ការ​លើក​កម្ពស់​ឡជីវ​ឧស្ម័ន​ខ្នាត​ធំ​" ។ ពិធី​នេះ​ទទួល​បាន​ការ​ចូល​រួម​ពី​ភ្ញៀវជាតិ និង​អន្តរជាតិ​ប្រមាណ​ជា​១០០នាក់​ដែល​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ព្រម​ទាំង​ដៃ​គូអភិវឌ្ឍន៍ តំណាង​វិស័យ​ឯកជន សាកល​វិទ្យាល័យ និង​និស្សិត។

 

 


ភ្ជាប់