អង្គការយូនីដូសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មបានប្រកាសបើកជាផ្លូវការ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវៈឧស្ម័នខ្នាតធំនៅរាជធានីភ្នំពេញនាថ្ងៃទី8 ខែធ្នូ ឆ្នាំ២០១៦។ មជ្ឈមណ្ឌលនេះមានគោលបំណងកសាងសមត្ថភាពជាតិលើបច្ចេកទេស និងចំណេះធ្វើ ពីបច្ចេកវិទ្យាជីវៈឧស្ម័នខ្នាតធំព្រមទាំងបង្កើតបណ្តាញជាមួយមជ្ឈមណ្ឌលជីវៈឧស្ម័ននានា និងភាគីពាក់ព័ន្ធនៅក្នុងតំបន់។ ជាពិសេសវានឹងរួមចំណែកដល់ការទាញយកជីវៈឧស្ម័នប្រកបដោយសក្តានុពលមកប្រើប្រាស់ពីកសិដ្ឋានចិញ្ចឹមជ្រូកដែលនាពេលបច្ចុប្បន្ននេះវាជាប្រភពដែលមិនទាន់បានទាញយកមកប្រើប្រាស់ ជាប្រភពថាមពលស្អាត និងជាប្រភពថាមពលសម្រាប់ផ្គត់ផ្គង់អគ្គិសនីតាមជនបទផងដែរ និងជាមធ្យោបាយមួយក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងនៅក្រោមក្របខ័ណ្ឌនៃគម្រោង"កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ឡជីវឧស្ម័នខ្នាតធំ" ។ ពិធីនេះទទួលបានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណជា១០០នាក់ដែលមកពីក្រសួងពាក់ព័ន្ធព្រមទាំងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន សាកលវិទ្យាល័យ និងនិស្សិត។