ទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស ​ស្តីពី​ការរស់នៅប្រកបដោយនិរន្តរភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័ន

ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ –​ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំនៅកម្ពុជា (BTIC) ដោយមានការគាំទ្រពីគម្រោង UNIDO/GEF ​“កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទៈ​កញ្ចក់​ដោយ​ជម្រុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ” បានរៀបចំដំណើរទស្សនកិច្ចសម្រាប់ក្រុម​សិស្សា​នុ​សិស្ស​​មកពីសាលាអន្តរជាតិអ៊ិសវ៉េស ក្នុងគោលបំណងបង្កើនចំណេះដឹង និងជម្រុញចំណាប់អារម្មណ៍​របស់សិស្សានុសិស្សក្នុងការរស់នៅប្រកបដោយនិរន្តរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័ន ដែលជាប្រភពដ៏សំខាន់មួយនៃថាមពលកកើតឡើងវិញ និងជាមធ្យោបាយអនុវត្តការគ្រប់គ្រង​សំណល់ដ៏​មាន​ប្រសិទ្ធភាព។

ក្នុងដំណើរទស្សនៈកិច្ចនេះ សិស្សានុសិស្សចំនួន ៤០ នាក់ បានធ្វើទស្សនកិច្ចប្រកប​ដោយ​ផលិតភាព​នៅទីតាំងស្រាវជ្រាវរបស់មជ្ឈមណ្ឌលBTIC ដោយមានការសង្ខេបសង្ហាញស្តីពីបរិបទ​នៃការអនុវត្តនិង​ការអភិវឌ្ឍន៍​ជីវឧស្ម័នក្នុងប្រទេសកម្ពុជា ក៏ដូចជាការធ្វើបទបង្ហាញស្តីពីបច្ចេកទេសប្រព័ន្ធជីវឧស្ម័ន​ពីអ្នក​ជំនាញ​នៃមជ្ឈមណ្ឌល BTIC។ ជាមួយគ្នានោះដែរក៏មានការចែករំលែក​ចំណេះ​ដឹង​បន្ថែម​ដល់​សិស្សា​នុ​សិស្ស​ស្តីពីសារៈសំខាន់នៃការការពារបរិស្ថាន ការបន្សាំរបៀបរស់នៅប្រចាំថ្ងៃបែបបៃតង សារៈសំខាន់​នៃ​សុខុមាលភាពសេដ្ឋកិច្ចសង្គមក្នុងសហគមន៍ និងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ បន្ថែមពីនោះ សិស្សានុសិស្សក៏ទទួលបានការពន្យល់បន្ថែមស្តីពីប្រសិទ្ធភាពរបស់ជីវឧស្ម័ន​ក្នុង​ការ​ដោះស្រាយបញ្ហាបរិស្ថាននិងសង្គម តាមរយៈការកែឆ្នៃកាកសំណល់ ការផលិតថាមពលកកើត​ឡើងវិញ និងការបង្កើតសារធាតុចិញ្ចឹមកើតឡើងវិញសម្រាប់រុក្ខជាតិ។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ សិស្សានុសិស្ស គ្រូតំណាង និងសមាជិកក្រុមការងារBTIC បានពិភាក្សាគ្នាពីលទ្ធផលនៃដំណើរទស្សនៈកិច្ច ក៏ដូចជាចែករំលែកពីចំណាប់អារម្មណ៍​របស់​ពួក​គាត់​ផង​ដែរ។ ភាគច្រើននៃសិស្សដែលបានចូលរួម បាននិយាយថាវាជាឱកាសដ៏ល្អសម្រាប់​ពួកគេក្នុង​ការ​ស្វែង​​យល់ និងបង្កើនចំណេះដឹងស្តីពីឡជីវឧស្ម័ន ប្រព័ន្ធដំណើរការ និងអត្ថប្រយោជន៍របស់វា ដែលជាមធ្យោបាយប្រកបដោយភាពច្នៃប្រឌិតក្នុងការគ្រប់គ្រងកាកសំណល់ និងបង្កើតថាមពល។ ជាមួយគ្នានេះ គ្រូតំណាងមកពីសាលាអ៊ិសវ៉េសក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំ​កម្មវិធី​ទស្សនកិច្ចនេះ និងការចែករំលែកចំណេះដឹងដ៏គួរអោយចាប់អារម្មណ៍។ គ្រូតំណាង​ក៏បានលើក​ឡើង​​បន្ថែម​ពី​សារៈសំខាន់នៃដំណើរទស្សនកិច្ចនេះដែលជាសកម្មភាពដ៏សំខាន់មួយក្នុងការបណ្តុះ​ផ្នត់​គំ​និត​​​របស់​សិស្ស​ក្នុ​ងវ័យកុមារភាពអំពីសារៈសំខាន់នៃការការពារបរិស្ថាន និងការការពារភពផែនដី ក៏ដូចជា​របៀប​ដែលយើងអាចរួមចំណែកបានក្នុងសកម្មភាពរក្សាការពារទាំងនោះ។ លោក​គ្រូ​ក៏​សង្ឃឹម​ផង​ដែរ​ថា សកម្មភាពចុះទស្សនកិច្ចបែបនេះអាចផ្តល់ឱ្យសិស្សានុសិស្សនូវមូលដ្ឋានគ្រឹះ​សម្រាប់​ទស្សន​វិស័យ​របស់​ពួកគេលើជម្រើសនៃការសិក្សាអប់រំ និងវិជ្ជាជីវៈ នាថ្ងៃអនាគត។

លោក ឡោ លីតួរ ដែលជានាយកនៃមជ្ឈមណ្ឌល BTIC បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង​ចំពោះ​សាលាអន្តរជាតិ East-West និងសិស្សានុសិស្សដែលបានផ្តួចផ្តើម និងចាប់អារម្មណ៍​ក្នុងការស្វែង​យល់​បន្ថែម​អំពីប្រព័ន្ធជីវឧស្ម័ន និងការអនុវត្តន៍របស់វាដើម្បីឆ្ពោះទៅរកនិរន្តរភាព។ តំណាងឲ្យ BTIC ដែលជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹង លោក លីតួរ បានលើកទឹកចិត្ត​ឱ្យមានដំណើរទស្សនកិច្ច​សិក្សា​បែបនេះបន្ថែមទៀត។ 

សម្រាប់ព័ត៌មានបន្ថែម៖

មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំនៅកម្ពុជា (BTIC)

ទូរស័ព្ទលេខ៖ 089 525 069

អ៊ីម៉ែល៖ btic@rua.edu.kh

គេហទំព័រ៖ http://btic-rua.org

ហ្វេសប៊ុក៖ https://www.facebook.com/BTIC.Cambodia/

 

 

 

 


ភ្ជាប់