ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ – មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំនៅកម្ពុជា (BTIC) ដោយមានការគាំទ្រពីគម្រោង UNIDO/GEF “កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទៈកញ្ចក់ដោយជម្រុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ” បានរៀបចំដំណើរទស្សនកិច្ចសម្រាប់ក្រុមសិស្សានុសិស្សមកពីសាលាអន្តរជាតិអ៊ិសវ៉េស ក្នុងគោលបំណងបង្កើនចំណេះដឹង និងជម្រុញចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្នុងការរស់នៅប្រកបដោយនិរន្តរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័ន ដែលជាប្រភពដ៏សំខាន់មួយនៃថាមពលកកើតឡើងវិញ និងជាមធ្យោបាយអនុវត្តការគ្រប់គ្រងសំណល់ដ៏មានប្រសិទ្ធភាព។
ក្នុងដំណើរទស្សនៈកិច្ចនេះ សិស្សានុសិស្សចំនួន ៤០ នាក់ បានធ្វើទស្សនកិច្ចប្រកបដោយផលិតភាពនៅទីតាំងស្រាវជ្រាវរបស់មជ្ឈមណ្ឌលBTIC ដោយមានការសង្ខេបសង្ហាញស្តីពីបរិបទនៃការអនុវត្តនិងការអភិវឌ្ឍន៍ជីវឧស្ម័នក្នុងប្រទេសកម្ពុជា ក៏ដូចជាការធ្វើបទបង្ហាញស្តីពីបច្ចេកទេសប្រព័ន្ធជីវឧស្ម័នពីអ្នកជំនាញនៃមជ្ឈមណ្ឌល BTIC។ ជាមួយគ្នានោះដែរក៏មានការចែករំលែកចំណេះដឹងបន្ថែមដល់សិស្សានុសិស្សស្តីពីសារៈសំខាន់នៃការការពារបរិស្ថាន ការបន្សាំរបៀបរស់នៅប្រចាំថ្ងៃបែបបៃតង សារៈសំខាន់នៃសុខុមាលភាពសេដ្ឋកិច្ចសង្គមក្នុងសហគមន៍ និងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បន្ថែមពីនោះ សិស្សានុសិស្សក៏ទទួលបានការពន្យល់បន្ថែមស្តីពីប្រសិទ្ធភាពរបស់ជីវឧស្ម័នក្នុងការដោះស្រាយបញ្ហាបរិស្ថាននិងសង្គម តាមរយៈការកែឆ្នៃកាកសំណល់ ការផលិតថាមពលកកើតឡើងវិញ និងការបង្កើតសារធាតុចិញ្ចឹមកើតឡើងវិញសម្រាប់រុក្ខជាតិ។
ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ សិស្សានុសិស្ស គ្រូតំណាង និងសមាជិកក្រុមការងារBTIC បានពិភាក្សាគ្នាពីលទ្ធផលនៃដំណើរទស្សនៈកិច្ច ក៏ដូចជាចែករំលែកពីចំណាប់អារម្មណ៍របស់ពួកគាត់ផងដែរ។ ភាគច្រើននៃសិស្សដែលបានចូលរួម បាននិយាយថាវាជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការស្វែងយល់ និងបង្កើនចំណេះដឹងស្តីពីឡជីវឧស្ម័ន ប្រព័ន្ធដំណើរការ និងអត្ថប្រយោជន៍របស់វា ដែលជាមធ្យោបាយប្រកបដោយភាពច្នៃប្រឌិតក្នុងការគ្រប់គ្រងកាកសំណល់ និងបង្កើតថាមពល។ ជាមួយគ្នានេះ គ្រូតំណាងមកពីសាលាអ៊ិសវ៉េសក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីទស្សនកិច្ចនេះ និងការចែករំលែកចំណេះដឹងដ៏គួរអោយចាប់អារម្មណ៍។ គ្រូតំណាងក៏បានលើកឡើងបន្ថែមពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះដែលជាសកម្មភាពដ៏សំខាន់មួយក្នុងការបណ្តុះផ្នត់គំនិតរបស់សិស្សក្នុងវ័យកុមារភាពអំពីសារៈសំខាន់នៃការការពារបរិស្ថាន និងការការពារភពផែនដី ក៏ដូចជារបៀបដែលយើងអាចរួមចំណែកបានក្នុងសកម្មភាពរក្សាការពារទាំងនោះ។ លោកគ្រូក៏សង្ឃឹមផងដែរថា សកម្មភាពចុះទស្សនកិច្ចបែបនេះអាចផ្តល់ឱ្យសិស្សានុសិស្សនូវមូលដ្ឋានគ្រឹះសម្រាប់ទស្សនវិស័យរបស់ពួកគេលើជម្រើសនៃការសិក្សាអប់រំ និងវិជ្ជាជីវៈ នាថ្ងៃអនាគត។
លោក ឡោ លីតួរ ដែលជានាយកនៃមជ្ឈមណ្ឌល BTIC បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះសាលាអន្តរជាតិ East-West និងសិស្សានុសិស្សដែលបានផ្តួចផ្តើម និងចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីប្រព័ន្ធជីវឧស្ម័ន និងការអនុវត្តន៍របស់វាដើម្បីឆ្ពោះទៅរកនិរន្តរភាព។ តំណាងឲ្យ BTIC ដែលជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹង លោក លីតួរ បានលើកទឹកចិត្តឱ្យមានដំណើរទស្សនកិច្ចសិក្សាបែបនេះបន្ថែមទៀត។
សម្រាប់ព័ត៌មានបន្ថែម៖
មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំនៅកម្ពុជា (BTIC)
ទូរស័ព្ទលេខ៖ 089 525 069
អ៊ីម៉ែល៖ btic@rua.edu.kh
គេហទំព័រ៖ http://btic-rua.org
ហ្វេសប៊ុក៖ https://www.facebook.com/BTIC.Cambodia/