គម្រោងជីវឧស្ម័នខ្នាតធំរបស់អង្គការUNIDO និងមជ្ឈមណ្ឌលបច្ចេកវិទ្យានិងជីវឧស្ម័នខ្នាតធំ (BTIC) កម្ពុជារួមគ្នារៀបចំសិក្ខាសាលាបណ្តុះបណ្តាលដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំសម្រាប់ការផលិតថាមពលដល់អ្នកអភិវឌ្ឍន៍គំរោងរួមមានម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក រោងចក្រកែច្នៃកសិ - ឧស្សាហកម្មក្នុងស្រុក ក្រុមហ៊ុនផ្តល់ប្រឹក្សា និងអ្នកពាក់ព័ន្ធសំខាន់ៗ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមប្រមាណ ២៥ នាក់ដែលភាគច្រើនមកពីកសិដ្ឋានចិញ្ចឹមជ្រូកនិងមានការចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ពីសិក្ខាកាមយ៉ាងផុលផុស។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ចំណេះដឹងជាក់ស្តែងជាពិសេសអំពីរបៀបកំណត់ទំហំឡជីវឧស្ម័នខ្នាតធំ ទំហំម៉ាស៊ីនជីវឧស្ម័ន និងបញ្ជាក់ពីតួនាទីដ៏មានប្រសិទ្ធិភាពនិងសារសំខាន់របស់ប្រព័ន្ធចម្រោះជីវឧស្ម័ន ក៏ដូចជាយន្តការដើម្បីចៀសវាងការបំភាយជីវឧស្ម័ន (មេតាន)ដែលផលិតលើសពីតម្រូវការទៅក្នុងបរិយាកាស។វគ្គបណ្តុះបណ្តាលក៏បានផ្តល់ឱកាសដល់សិក្ខាកាមលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនិងប្រតិបត្តិការប្រព័ន្ធជីវឧស្ម័ននៅទីតាំងរបស់ពួកគេនិងស្វែងរកជំនួយបច្ចេកទេសសមស្របដើម្បីដោះស្រាយឧបសគ្គទាំងនេះ។ ជាការឆ្លើយតបភ្លាមៗ BTICបានបង្កើតក្រុមឆាតជាមួយអ្នកចូលរួមដើម្បីឱ្យពួកគេរក្សាទំនាក់ទំនងក្នុងការស្វែងរកដំណោះស្រាយសមស្របរួមគ្នា។