BTIC បានទទួលការបណ្តុះបណ្តាលលើ EPCM (វិស្វកម្មការផ្គត់ផ្គង់និងការគ្រប់គ្រងសំណង់) សម្រាប់ប្រព័ន្ធជីវឧស្ម័នពីអ្នកជំនាញអាល្លឺម៉ង់

នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧– សមាជិកនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំបានទទួលការ បណ្តុះបណ្តាលស្តីពី EPCM ( វិស្វកម្ម, លទ្ធកម្ម, និងការគ្រប់គ្រងសំណង់) ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការ ត្រួតពិនិត្យការងារទាក់ទងនិងការកសាងប្រព័ន្ធជីវឧស្ម័នខ្នាតធំនេះ។ ការបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្រោមក្របខណ្ឌនៃគម្រោង”កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ឡជីវឧស្ម័នខ្នាតធំ˝ដែលគាំទ្រថវិការ ដោយមូលនិធិបរិស្ថានពិភពលោក(GEF-5)។

 

វគ្គបណ្តុះបណ្តាលរយៈពេល 10 ថ្ងៃស្តីពីវិស្វកម្ម, លទ្ធកម្ម, និងការគ្រប់គ្រងសំណង់ពាក់ព័ន្ធនឹងជីវឧស្ម័នខ្នាតធំត្រូវបានបញ្ចប់ដោយលទ្ធផលប្រកបដោយផ្លែផ្កា។ សូមស្តាប់ចំណាប់អារម្មណ៍ពីអ្នកចូលរួមរបស់យើងដូចតទៅ!

 

˝វគ្គបណ្តុះបណ្តាលនេះពិតជាមានប្រយោជន៍ណាស់។ ខ្ញុំសូមស្ងើចសរសើរចំពោះការរៀបចំវគ្គបណ្តុះបណ្តាល នេះណាស់ដោយវាពិតជាមានលក្ខណៈបើកទូលាយដល់ការពិភាក្សាយ៉ាងផុសផុល និងការអនុវត្តជាក់ស្តែងដែល អនុញ្ញាតឱ្យខ្ញុំយល់ពីទ្រឹស្តីនិងប្រើប្រាស់ឧបករណ៍វាស់វែង ជីវឧស្ម័ននិងឧបករណ៍វាស់វែងថាមពលដទៃទៀត ដូចជាឧបករណ៍កត់ត្រាថាមពលអគ្គិសនី របៀបកត់ត្រាទិន្ន័យ​និងការវិភាគលទ្ធផល។ ការបណ្តុះបណ្តាលនេះពិត ជាធ្វើឱ្យចំណេះដឹងរបស់ខ្ញុំក្នុងផ្នែកនេះបានប្រសើរឡើងមួយ​កម្រិតទៀត” តាមការបញ្ជាក់របស់លោក ហ៊ិនលីហួរ ដែលជាប្រធានក្រុមការងារបច្ចេកទេសជីវឧស្ម័នរបស់BTIC។

 

បន្ថែមលើអំណៈអំណាងខាងលើលោកម៉ិច​ សុខុម អ្នកបច្ចេកទេសអគ្គីសនីរបស់BTICបានមានប្រសាសន៍ថា "ខ្ញុំបានរៀនសូត្រច្រើនពីវគ្គបណ្តុះបណ្តាលនេះ។ វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់លើ​កម្រិតជំនាញនិងចំណេះដឹងរបស់សិក្ខាកាម អីច៊ឹងហើយវាអាចឱ្យយើងចាប់យកបានទាំងទ្រឹស្តីនិងរបៀបប្រើប្រាស់​ឧបករណ៍វាស់វែងទំនើប។ ខ្ញុំសង្ឃឹមថានឹងចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗទៀតនាពេលអនាគត˝។​ BTIC មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំដែលស្ថិតក្រោមសាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម។